ជ្រើសរើសភាសា: Khmer Khmer English English

អំពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត


យោង​តាម​អនុក្រឹត្យ​លេខ ៤៨៨ អន​ក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បំពេញមុខ​ងារ​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។


បេសកកម្ម​នេះ ត្រូវ​ធ្វើឡើង​តាមរយៈ​ការរៀបចំ​និង​ការអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​គោលនយោបាយ ក្របខណ្ឌ​ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ទ្រព្យសម្បត្តិ​រដ្ឋ កិច្ចការ​វិនិយោគ និង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​ច្បាប់​និង​បទបញ្ជា​ពាក់ព័ន្ធ​ផ្សេងទៀត។


ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានមុខ​ងារ​ និង​ភារកិច្ច​ដូចតទៅ៖


  • រៀបចំ អនុវត្ត និង​តាមដាន​ការអនុវត្ដ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល
  • គ្រប់គ្រង ​និង​សម្របសម្រួល​កិច្ចការ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • ពង្រឹង​អភិបាលកិច្ច​ល្អ ទៅលើ​អ្វីដែល​ជាប់ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ
  • វិភាគ​តាមដាន និង​ព្យាករណ៍​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង និង​ដាក់ចេញ​នូវ​វិធានការ ដើម្បី​តម្រង់ទិស​និង​កែលម្អ​ការគ្រប់គ្រង​សេដ្ឋកិច្ច
  • សហការ​ជាមួយ​ក្រសួង ​និង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ដឹកនាំ​ និង​ចូលរួម​ក្នុងការ​រៀបចំ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល លើ​កិច្ចការ​សហប្រតិបត្តិការអន្ដរជាតិ ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​កិច្ចការ​សមាហរណកម្ម​កម្ពុជា ទៅក្នុង​សេដ្ឋកិច្ចពិភពលោក ពិសេស​កិច្ច​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ក្របខណ្ឌ​អាស៊ាន
  • កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​ឯកភាព​ទូទាំងប្រទេស ហើយ​ធានា​អនុវត្ត​ប្រព័ន្ធ​នេះ ឱ្យបាន​ត្រឹមត្រូវតាម​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​នីមួយៗ ព្រមទាំង​ច្បាប់​ពាក់ព័ន្ធ​ ​និង​បទបញ្ជា​ដទៃទៀត
  • ធ្វើការ​បែងចែក និង​បែងចែក​ឡើងវិញ នូវ​ផលទុនជាតិ តាមរយៈ​ការប្រមូល​ចំណូល និង​កម្មវិធី​នីយកម្ម និង​ថវិកានីយកម្ម​នៃ​ចំណាយ​សាធារណៈ
  • រៀបចំ​ និង​កសាង​សេចក្ដីព្រាងច្បាប់ ​និង​បទបញ្ជា​ផ្សេងៗ សម្រាប់​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​លក្ខណៈ​ប្រចាំឆ្នាំ​នីមួយៗ ឬ​ជា​លក្ខណៈ​អចិន្ត្រៃយ៍
  • រៀបចំ​ និង​គ្រប់គ្រង​ថវិការដ្ឋ
  • រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​ចំណូល​ថវិកាជាតិ
  • ប្រមូល​ចំណូល​សារពើពន្ធ​និង​មិនមែន​សារពើពន្ធ បង់​ចូល​បេឡា​ថវិការដ្ឋ ធ្វើ​តារាង​តុល្យភាព និង​វិភាគ​គណនី​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រដ្ឋ
  • គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ
  • ចូលរួម​កសាង​ និង​អនុវត្ត​គោលនយោបាយ ​និង​យុទ្ធសាស្រ្ត​កៀរគរ​ហិរញ្ញប្បទាន​ពីក្រៅ​ប្រទេស និង​ទទួលបន្ទុក​គ្រប់គ្រង​បំណុល​សាធារណៈ
  • ចូលរួម​រៀបចំ​គោលនយោបាយ និង​គ្រប់គ្រង​កិច្ចការ​វិនិយោគ
  • ពិនិត្យ​ និង​ចុះ​ទិដ្ឋាការ​លើ​ចំណាយ​របស់​ក្រសួង​និង​ស្ថាប័នរដ្ឋ​នានា
  • គ្រប់គ្រង​និង​ត្រួតពិនិត្យ​កិច្ចការ​លទ្ធកម្ម​សាធារណៈ​នៃ​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាស​សាធារណៈ គ្រឺះ​ស្ថាន​សាធារណៈរដ្ឋ​បាល អង្គភាព​រដ្ឋ​ដទៃទៀត និង​ដៃគូ​ឯកជន​សាធារណៈ
  • ទទួលបន្ទុក​ដឹកនាំ រៀបចំ ជំរុញ​អនុវត្ត និង​តាមដាន​ការអនុវត្ត​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល
  • វិភាគ គ្រប់គ្រង និង​តាមដាន​ការវិវត្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​រៀបចំ​និង​អនុវត្ត​ក្របខណ្ឌ​គ្រប់គ្រង​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ
  • អភិវឌ្ឍ គ្រប់គ្រង និង​ត្រួតពិនិត្យ​កិច្ចការ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ រួមមាន កិច្ចការ​ធានារ៉ាប់រង​និង​សោធន ទីផ្សារ​និង​ស្ថាប័នហិរញ្ញវត្ថុ
  • ចូលរួម​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​និង​ក្របខណ្ឌ​នៃ​ការប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម
  • គ្រប់គ្រង និង​ត្រួតពិនិត្យ​អាជីវកម្ម​ភ្នាល់​គ្រប់​ប្រភេទ
  • ធ្វើ​អធិការកិច្ច​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​ក្រសួង ស្ថាប័ន ឬ​អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល​សហគ្រាស​សា​ធា​ណៈ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​អនុវត្ត​ប្រតិបត្តិការ​ថវិការដ្ឋ
  • បំពេញមុខ​ងារ​ជា​បេឡាករ ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​រៀបចំ​គោលការណ៍ និង​បទបញ្ជា​គណនេយ្យករ​សាធារណៈ
  • បំពេញមុខ​ងារ​សវនកម្ម​ផ្ទៃក្នុង
  • បណ្ដុះបណ្ដាល ​និង​ធ្វើ​វិក្រឹត​ការ​ជាប្រចាំ​នូវ​មុខជំនាញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ដល់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ
  • អនុវត្ដ​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ។