នាព្រឹកថ្ងៃអាទិត្យ១០រោច
ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក
ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍
ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម
ប៉េង ពោធិ៍សា អភិបាល នៃគណអភិបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក
លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត
លោកប្រធានក្រុមប្រឹក្សាក្រុង/សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាល
អភិបាលរងក្រុងបាវិត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត
លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត
និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៣៥០នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា
ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ
គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ
ចំពោះ វិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូន
ប្រជាពលរដ្ឋយើង
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ
និងអាណាចក្រ ។ទន្ទឹមនេះ ទីវត្តអារាម និងព្រះពុទ្ធសាសនា
មិនគ្រាន់តែជាទីគោរពសក្ការៈបូជា តាមជំនឿសាសនា ប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាកោសិកាដែលបណ្តុះនូវបញ្ញាញាណ ថ្នាលសម្រាប់សាបយកគ្រាប់ ពូជ
នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ ។
ឯកឧត្តមបន្តថា
សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ
នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព
និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម
របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ
និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់
និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែង
សមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តសាមគ្គីមុនីរតន៍
យើងនេះគឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ សប្បុរសជន
និងពុទ្ធបរិស័ទទាំងអស់ គ្នា។
ឯកឧត្តមបានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា៖
១.
សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន
ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បី
អនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
២.សូមជួយអប់រំ
ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ
ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។
៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា
ដែលមានស្រាប់ ជាពិសេស
សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
៤.សូមអាជ្ញាធរ
និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត
ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន
ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន
ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង
គ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។
ជាចុងបញ្ចប់នេះដែរ
ឯកឧត្តមបាននាំមកនូវបច្ច័យ និងអំណោយ (ក្នុងនោះក៏មានការចូល
រួមពីសប្បុរសជនរបស់ផងដែរ) សម្រាប់ពិធីនេះមាន៖
- ជូនយាយជី តាជី
លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ៣១៥នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១
និងថវិកា ១០.០០០៛
-
ជូនសាលាក្រុងបាវិត ៥០០.០០០៛
-
ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ដែលចូលរួមេរៀបចំ
សណ្តាប់ធ្នាប់ក្នុងពិធីនេះ ក្នុង ១អង្គភាព ៥០០.០០០៛
-
ជូនសង្កាត់ព្រៃអង្គុញ ៥០០.០០០៛
-
ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ៥០០.០០០៛
-
ជូនកម្លាំងប្រជាការពារ ៥០០.០០០៛
-
ឧបត្ថម្ភថវិកាកសាងវត្ត និងសម្រាប់រៀបចំកម្មវិធីនេះចំនួន ១០លានរៀន ផងដែរ។