នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងឯកឧត្ដម សុខ រស់ អភិបាលរងនៃគណ:អភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? សិក្ខាសាលានេះ ក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើត និងចុះបញ្ជី និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដស្វាយរៀង ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។