នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ
ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា
និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ
និងកងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត
ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧
នាពេលកន្លងទៅថ្មីៗនេះ ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់
ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
៣.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។
៤.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។