ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្វាយរៀង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥

នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ​ នាសៀលថ្ងៃទី២១​ខែកម្ភៈ​ ឆ្នាំ២០២៥នេះ​ លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងពិធីបិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង ក្រោមអធិបតីភាព​ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​និងលោក សំរិទ្ធ អេង​ អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​បានអញ្ជើញចូលរួមជាគណៈអធិបតី ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន​លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង០៨​,លោកអភិបាលក្រុង ស្រុកទាំង០៨,លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ,លោក លោកស្រី ជាប្រតិភូពេញសិទ្ធិ នៃមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង,លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលសរុបវត្តមានប្រមាណ២៦៥នាក់​ ស្រី៧២នាក់។

ថ្លែងទៅកាន់ពិធីនេះ​ឯកឧត្តមអភិបាលខេត្តបានសំដែងនូវការអបអរសាទរចំពោះ​ លោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោត ផ្តល់ការទុកចិត្តជា ប្រធាន អនុប្រធានសមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម សម្រាប់ អាណត្តិទី៤នេះ​ ហេីយក៏ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ ខេត្តស្វាយរៀង ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តទាំងមូល គឺសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និងការអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក​។ ជាមួយនេះសង្ឃឹមថា​ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង អាណត្តិទី៤នេះ​នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួនដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិក។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាបានផ្តល់មតិផ្តាំផ្ញើមួយចំនួនដូចខាងក្រោម៖

១. សមាគមត្រូវអនុវត្តតាម និងតម្កល់ទុកនូវលក្ខន្តិកៈ របស់ខ្លួននៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

២. ក្រុមប្រឹក្សាក្រុង​ ស្រុក ឃុំ សង្កាត់ត្រូវបង់ប្រាក់សមាជិកភាពប្រចាំ ខែ)នៃថវិកាផ្នែករដ្ឋបាលដោយដកចេញបន្ទុកបុគ្គលិក(គណនីឧបត្ថម្ភដល់អង្គការមូលដ្ឋាន និង គាំទ្រកម្មវិធីផ្សេងៗ ដែលមានលេខសម្គាល់៦២០៤១) ជូនសមាគមឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមខ្លឹមសារ លិខិតលេខ ០៥៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ របស់ គ.ជ.អ.ប។ ក្នុងចំណុចនេះ ខ្ញុំសូមស្នើឱ្យ រតនាគារខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មេត្តាសហការនិងជួយសម្រួលដល់ការបង់ប្រាក់សមាជិកភាព ជូន សមាគម ឱ្យមានទៀងទាត់ និងគ្រប់ចំនួន ស្របតាមលិខិតបទដ្ឋាននេះ។

៣. សមាគម ត្រូវប្រើប្រាស់ថវិកាប្រាក់សមាជិកភាព ប្រកបដោយតម្លាភាព ព្រោះជាប្រាក់របស់រាជរដ្ឋាភិបាល កម្ពុជា។

៤. សមាគមត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិកក្រុមប្រឹក្សា។

៥. សមាគម ត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់សមាជិក ស្របតាមគោលបំណង ទិសដៅ និងផែនការ យុទ្ធសាស្ត្ររបស់ខ្លួន។

៦. ការបង់ប្រាក់កម្មវិធីមរណៈសង្គ្រោះ សូមសមាជិកចាស់ត្រូវបង់បន្ត រីឯក្រុមប្រឹក្សាដែល មិនទាន់បានចូលសូមចូលរួមឱ្យបានទាំងអស់គ្នាព្រោះ បើតាមរបាយការណ៍កម្មវិធីនេះ បានបង្កើតឡើងតាំងពី ឆ្នាំ២០១០ ហើយនៅតែមានដំណើរការរហូតដល់បច្ចុប្បន្ន បើគិតទៅមានរយៈពេល១៧គត់។ ដូចនេះស្នើសុំ ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ធ្វើយ៉ាងណារក្សាវាបន្តទៅទៀត ដើម្បីចូលរួមជួយគ្នានៅពេលមានបញ្ហា។

ព័ត៌មានទាក់ទង